ភ្លេចពាក្យសំងាត់  |  ផ្លាស់ប្តូរពាក្យសំងាត់  |  បង្កើតគណនីថ្មី
ចូលគណនី
គណនីរបស់ខ្ញុំ
ជ្រើសរើសភាសា:

រដ្ឋបាលស្រុកបន្ទាយស្រី និងមន្ទីររ៉ែ​និងថាមពលខេត្តសៀមរាប​ផ្អាកអាជីវកម្មបូមខ្សាច់ទាំងអស់នៅក្នុងស្រុកបន្ទាយស្រី​ជាបណ្តោះអាសន្ន

យោងតាមគណនី Facebook ឃឹម ហ្វីណង់ - Khim Finan អភិបាល នៃគណៈអភិបាលស្រុក​បន្ទាយស្រី បានសរសេររៀបរាប់ដូចខាងក្រោម  ៖

អាជីវកម្មបូមខ្សាច់ទាំងអស់នៅក្នុងស្រុកបន្ទាយស្រីត្រូវបានផ្អាកទាំងស្រុងជាបណ្តោះអាសន្ន។

ក្រោយពីបានពិនិត្យវាយតម្លៃឃើញថា ភាគច្រើនលើសលុបនៃអាជីវកម្មបូមខ្សាច់នៅទូទាំងស្រុងបន្ទាយស្រី មិនបានអនុលោមទៅតាមច្បាប់កំណត់ រដ្ឋបាលស្រុកបន្ទាយស្រី ដោយមានការឯកភាពពីមន្ទីររ៉ែនិងថាមពលខេត្តសៀមរាប បានសម្រេចផ្អាកការដ្ឋានបូមខ្សាច់និងបកខ្សាច់យ៉ាងហោចណាស់១៦កន្លែង ដែលមានទីតាំងនៅក្នុងស្រុកបន្ទាយស្រី។ ចំណាត់ការនេះ គឺជាវិធានការចាំបាច់ដើម្បីការពារប្រយោជន៍រួម ធ្វើអោយមានរបៀបរៀបរយឡើងវិញនៃសណ្តាប់ធ្នាប់សាធារណៈ និងធានាមិនអោយមានផលប៉ះពាល់ដល់សហគមន៍និងប្រជាពលរដ្ឋ ក៏ដូចជា ដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងអាជីវកម្មបូមខ្សាច់នៅក្នុងស្រុកទាំងមូល។

ក្រោយការត្រួតពិនិត្យវាយតម្លៃយ៉ាងម៉ត់ចត់ពីសំណាក់មន្ទីរជំនាញ រដ្ឋបាលខេត្ត និងរដ្ឋបាលស្រុក យើងបានរកឃើញថា៖
- ការដ្ឋានមួយចំនួនមិនមានច្បាប់អនុញ្ញាត
- មួយចំនួនអនុវត្តខុសពីទីតាំងនិងទំហំដែលច្បាប់អនុញ្ញាត
- មួយចំនួនទៀតមិនគោរពតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ដោយបិទបំពានយកអូរប្រឡាយដោយខុសច្បាប់ និងចាក់បញ្ចូលទឹកកខ្វក់ចូលទៅក្នុងប្រព័ន្ធប្រើប្រាស់ទឹករួមរបស់ប្រជាពលរដ្ឋ
- មានផលប៉ះពាល់ដល់សហគមន៍និងប្រជាពលរដ្ឋ៖ ការធ្វើកសិកម្ម ការប្រើប្រាស់ទឹកទូទៅនិងសម្រាប់សត្វពាហនៈ ក៏ដូចជាប៉ះពាល់ទៅលើហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់អូរប្រលាយ និងបានបំផ្លាញប្រព័ន្ធជីវចម្រុះនានាផងដែរ។

ការផាកពិន័យ ការបើកមុខទឹកអូរប្រលាយឡើងវិញ និងការតម្រូវអោយរៀបចំទីតាំងដែលត្រូវបានរំលោភបំពានអោយដូចដើម ក៏ដូចជាការធានាអោយបានថាមិនមានទឹកកខ្វក់ហូរចូលប៉ះពាល់ទៅដល់ទឹកប្រើប្រាស់របស់ប្រជាពលរដ្ឋ គឺជាវិធានការបឋមមួយចំនួនដែលអាជ្ញាធរនឹងតម្រូវអោយម្ចាស់អាជីវកម្មដែលខុសច្បាប់ទាំងនោះត្រូវតែបំពេញ។

បញ្ជាក់៖ ម្ចាស់អាជីវកម្មបូមខ្សាច់រឺបកខ្សាច់ទាំងអស់នៅក្នុងស្រុកបន្ទាយស្រីទាំងមូលត្រូវបញ្ឈប់សកម្មភាពរបស់ខ្លួនទាំងស្រុងចាប់ពីថ្ងៃនេះតទៅទោះជាមានអាជ្ញាបណ្ណហើយក៏ដោយ និងត្រូវទំនាក់ទំនងមករដ្ឋបាលស្រុកបន្ទាយស្រី ដើម្បីពិនិត្យនិងសម្របសម្រួលស្នើសុំអាជ្ញាបណ្ណឡើងវិញ ប្រសិនបើចង់បន្តសកម្មភាពរបស់ខ្លួន។ ចាប់ពីថ្ងៃនេះតទៅ រាល់ការដ្ឋានអាជីវកម្មបូមខ្សាច់ទាំងអស់នៅក្នុងស្រុកបន្ទាយស្រីនឹងតម្រូវអោយមានការលើកផ្លាកសញ្ញាបញ្ជាក់ពីការទទួលបានអាជ្ញាបណ្ណថ្មីរបស់ខ្លួននៅមុខការដ្ឋានរណ្តៅខ្សាច់នីមួយៗ បើមិនដូច្នេះទេ រដ្ឋបាលស្រុកនឹងមិនអនុញ្ញាតអោយប្រតិបត្តិការអាជីវកម្មរបស់ខ្លួនឡើយ។ សង្ឃឹមថាបងប្អូនអាជីវករទាំងអស់នឹងចូលរួមអនុវត្តច្បាប់អោយបានត្រឹមត្រូវទាំងអស់គ្នា ហើយរដ្ឋបាលស្រុកនឹងត្រៀមខ្លួនសហការសម្របសម្រួលអោយមានប្រសិទ្ធភាពលើការងារនេះ។

មើលច្រើនបន្ថែមទៀត
មើលទាំងអស់
Flag Counter
© រក្សាសិទ្ធិគ្រប់យ៉ាងដោយ Pheakdey Law ឆ្នាំ ២០១៦។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈអស័យដ្ឋានអ៊ីម៉ែល៖ info@pheakdeylaw.com

ចំនួនអ្នកចូលមើល: 39568831, Online: 21204, Today: 8003, Yesterday: 72554, This week: 80557
Web Design: CITA