ភ្លេចពាក្យសំងាត់  |  ផ្លាស់ប្តូរពាក្យសំងាត់  |  បង្កើតគណនីថ្មី
ចូលគណនី
គណនីរបស់ខ្ញុំ
ជ្រើសរើសភាសា:

ភតិសន្យាហិរញ្ញវត្ថុ ដោយលោកមេធាវី កុយ គន្ធី

 

លោក កុយ គន្ធី ជាមេធាវីនៅការិយាល័យមេធាវី ខេអិន ពិគ្រោះច្បាប់។ លោក កុយ គន្ធី ប្រកបវិជ្ជាជីវៈមេធាវីនៅក្នុងវិស័យភតិសន្យាហិរញ្ញវត្ថុ, ប្រតិបត្តិការអចលនវត្ថុ, ការសាងសង់, រដ្ឋប្បវេណី និងព្រហ្មទណ្ឌ។

រូបភាពកាសែតភ្នំពេញប៉ុស្តិ៍ លោក កុយ គន្ធី ជាមេធាវីនៅការិយាល័យមេធាវី ខេអិន ពិគ្រោះច្បាប់។ លោក កុយ គន្ធី ប្រកបវិជ្ជាជីវៈមេធាវីនៅក្នុងវិស័យភតិសន្យាហិរញ្ញវត្ថុ, ប្រតិបត្តិការអចលនវត្ថុ, ការសាងសង់, រដ្ឋប្បវេណី និងព្រហ្មទណ្ឌ។ 

១.សេចក្តីផ្តើម

បន្ថែមពីលើកម្លាំងពលកម្ម អាជីវកម្មត្រូវការឧបករណ៍ សម្ភារៈផ្សេងៗដើម្បីផលិតរបស់របរ ឬសេវាកម្មរបស់ខ្លួនដើម្បីធ្វើឲ្យសម្រេចបានគោលដៅរបស់ខ្លួន។ ឧបករណ៍ទាំងនោះមានដូចជា ម៉ាស៊ីន រថយន្ត ត្រាក់ទ័រ ម៉ាស៊ីនឈូស ម៉ាស៊ីនបោះពុម្ពល។ល។ ឧបករណ៍ និងសម្ភារៈទាំងនេះអាចបានមកពីការទិញ ការខ្ចី ឬការជួលពីបុគ្គល ឬពីក្រុមហ៊ុនណាមួយ។ ឧបករណ៍ខ្លះមានតម្លៃខ្ពស់ ជាហេតុធ្វើឲ្យអាជីវកម្មមួយត្រូវចំណាយដើមទុនច្រើន ដើម្បីទិញឧបករណ៍នោះយកមកប្រើការ ។ បើចំណាយប្រាក់ច្រើនដើម្បីទិញឧបករណ៍មកប្រើប្រាស់ នោះអាជីវកម្មនឹងត្រូវខើចដើមទុនដើម្បីយកទៅចំណាយសម្រាប់ប្រតិបត្តិការផ្សេងៗ។ ដើម្បីកាត់បន្ថយការប្រើប្រាស់ដើមទុនច្រើននៅក្នុងការទិញឧបករណ៍ អាជីវកម្មអាចទិញដោយ បង់ជាវគ្គៗ។ ប៉ុន្តែការទិញលក់ជាវគ្គៗនេះ ទាមទារឲ្យអាជីវកម្មមានជំហរឥណទានល្អ មានន័យថា អាជីវកម្មមានស្ថានភាពហិរញ្ញវត្ថុមួយដែលឲ្យអ្នកលក់ជឿថា អាជីវកម្មអាចមានប្រាក់បង់រំលោះដល់ចប់ចុងចប់ដើមនៃការទិញឧបករណ៍នោះ។ ជំនួសឲ្យការទិញផ្តាច់ ឬការទិញដោយបង់ថ្លៃទិញជាវគ្គ អាជីវកម្មនៅមានវិធីជំនួសមួយ គឺការជួលឧបករណ៍ប្រើ។  ការជួលឧបករណ៍ប្រើនេះមានពីរប្រភេទ៖ ការជួលប្រតិបត្តិការ និងការជួលហិរញ្ញវត្ថុ ឬហៅតាមភាសាច្បាប់ថា ភតិសន្យាប្រតិបត្តិការ និង ភតិសន្យាហិរញ្ញវត្ថុ។

ស្តាប់....

២.ភតិសន្យាប្រតិបត្តិការ

ភតិសន្យាប្រតិបត្តិការដែលភាសាអង់គ្លេស ហៅថា  Operating Lease  គឺជាភតិសន្យា ឬជាកិច្ចសន្យាជួលមួយដែលនៅក្នុងនោះម្ចាស់របស់ ឬភតិបតីជួលឧបករណ៍ទៅឲ្យមនុស្សម្នាក់ទៀតជាអ្នកជួល ឬភតិកៈសម្រាប់ប្រើ ហើយភតិបតីមានសិទ្ធិកម្មសិទ្ធិលើឧបករណ៍នោះរួចហើយ ភតិកៈមានកាតព្វកិច្ចត្រូវប្រគល់ឧបករណ៍ទៅឲ្យភតិបតីវិញនៅដំណាច់រយៈពេលនៃកិច្ចសន្យា។ បើនិយាយឲ្យងាយស្តាប់ ភតិសន្យាប្រតិបត្តិការមានន័យស្មើនឹងភតិសន្យាធម្មតាដែលចែងនៅក្នុងមាត្រា៥៩៦ នៃក្រមរដ្ឋប្បវេណី។ ភតិកៈមានកាតព្វកិច្ចត្រូវបង់ថ្លៃជួលឧបករណ៍ជាវគ្គៗទៅតាមការកំណត់នៅក្នុងកិច្ចសន្យា។
នៅក្នុងភតិសន្យាប្រតិបត្តិការ ដោយសារភតិកៈមិនមែនជាម្ចាស់ឧបករណ៍ ភតិកៈត្រូវចុះក្នុងគណនេយ្យរបស់ខ្លួននូវប្រាក់ថ្លៃជួលថា ជាការចំណាយ ហើយគណនេយ្យរបស់ភតិកៈមិនបង្ហាញឧបករណ៍នោះនៅក្នុងខ្ទង់ទ្រព្យសកម្មរបស់ភតិកៈទេ។ តាមគណនេយ្យបែបនេះ ភតិកៈត្រូវចុះថ្លៃជួលជាការចំណាយ។ ជាមួយនឹងការចំណាយផ្សេងៗទៀត គេយកការចំណាយលើថ្លៃជួលនេះទៅកាត់ចេញពីប្រាក់ចំណូល ដែលនាំឲ្យមានកាត់បន្ថយចំណូលដែលជាប់ពន្ធ ។     ភតិកៈមានអត្ថប្រយោជន៍មួយទៀត គឺការជួសជុលជាមូលដ្ឋាន (ដូចជាការជួសជុលប្រចាំ) ការចុះបញ្ជី ឬសោហ៊ុយផ្នែករដ្ឋបាលនានាលើឧបករណ៍ (ដូចជាការបង់ពន្ធប្រចាំឆ្នាំ បើមាន) ត្រូវជាបន្ទុករបស់ភតិបតី។ ភតិបតីត្រូវចុះឧបករណ៍នៅក្នុងខ្ទង់ទ្រព្យសកម្មរបស់ខ្លួន។ ភតិបតីទទួលបានអត្ថប្រយោជន៍នៃការចុះតម្លៃទ្រព្យដែលត្រូវគិតជាការចំណាយ និងដែលនាំឲ្យមានការកាត់បន្ថយចំណូលដែលជាប់ពន្ធ ។

៣.ភតិសន្យាហិរញ្ញវ​ត្ថុ

ភតិសន្យាហិរញ្ញវត្ថុជាកិច្ចសន្យាកូនកាត់រវាងការទិញដោយ បង់ជាវគ្គៗ និងភតិសន្យាប្រតិបត្តិការ។ តាមនិយមន័យ នៃច្បាប់ស្តីពីភតិសន្យាហិរញ្ញវត្ថុ ដែលប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខនស/រកម/០៦០៩/០០៨ចុះថ្ងៃទី២០មិថុនាឆ្នាំ២០០៩ ភតិសន្យាហិរញ្ញវត្ថុគឺជាកិច្ចសន្យាជួលឧបករណ៍រវាងភតិបតី និងភតិកៈដែលភតិកៈមានកាតព្វកិច្ចត្រូវបង់ថ្លៃជួលឧបករណ៍ ជាវគ្គៗ ក្នុងរយៈពេលមួយមិនតិចជាងមួយឆ្នាំ ហើយនៅដំណាច់រយៈពេលនៃកិច្ចសន្យា ភតិកៈត្រូវមានសិទ្ធិទិញ ឬមិនទិញឧបករណ៍ដែលជួលនោះ។ 
ដើម្បីធ្វើឲ្យសម្រេចបានភតិសន្យាហិរញ្ញវត្ថុមានតួអង្គបីដែលដើរតួ គឺ(១) អ្នកផ្គត់ផ្គង់ឧបករណ៍ (២) ភតិបតី និង (៣) ភតិកៈ ហើយត្រូវធ្វើតាមនីតិវិធីដូចមាននៅក្នុងឌីយ៉ាក្រាមខាងក្រោមនេះ៖

នៅក្នុងជំហានទី ១ ភតិកៈត្រូវចរចាជាមួយអ្នកផ្គត់ផ្គង់ដើម្បីជ្រើសរើសយកឧបករណ៍ណាដែលខ្លួនពេញចិត្តសម្រាប់យកមកប្រើប្រាស់ឲ្យត្រូវគោលបំណងនៃអាជីវកម្មរបស់ខ្លួន។
នៅក្នុងជំហានទី ២ ភតិកៈត្រូវចរចាសុំចុះភតិសន្យាជួលឧបករណ៍ (ភតិសន្យាហិរញ្ញវត្ថុ) ជាមួយភតិបតី ដោយចង្អុលប្រាប់ពីឧបករណ៍ និង អ្នកផ្គត់ផ្គង់ប្រាប់ភតិបតី។
នៅក្នុងជំហានទី ៣  ភតិកៈ និង ភតិបតីឈានដល់កិច្ចព្រមព្រៀងនិងចុះភតិសន្យាហិរញ្ញវត្ថុ។
នៅក្នុងជំហានទី ៤ ភតិបតី និង អ្នកផ្គត់ផ្គង់ចុះកិច្ចសន្យាទិញលក់ឧបករណ៍សម្រាប់យកមកជួលឲ្យភតិកៈ។
នៅក្នុងជំហានទី ៥ អ្នកផ្គត់ផ្គង់ដឹកជញ្ជូន ឬ ប្រគល់ឧបករណ៍មកឲ្យភតិកៈ។
នៅក្នុងជំហានទី ៦ ភតិកៈចុះហត្ថលេខាទទួលយកឧបករណ៍ រួចចេញសេចក្តីបញ្ជាក់មួយឲ្យ ភតិកៈថា ខ្លួនបានទទួលឧបករណ៍ហើយ។
នៅក្នុងជំហានទី ៧ ភតិបតី បង់ថ្លៃទិញឧបករណ៍ឲ្យអ្នកផ្គត់ផ្គង់។
នៅក្នុងជំហានទី ៨ អ្នកផ្គត់ផ្គង់និង ភតិកៈចុះហត្ថលេខាលើកិច្ចសន្យាថែទាំ ឧបករណ៍ ជាមួយភតិកៈ (ប្រសិនជាគេចង់ធ្វើដូច្នេះ)។
គួរកត់សំគាល់ថា នៅក្នុងភតិសន្យាហរិញ្ញវត្ថុ ភតិកៈជាអ្នកជ្រើសរើសយកអ្នកផ្គត់ផ្គង់ និងឧបករណ៍ដែលខ្លួនឯងចង់បានដោយខ្លួនឯង។ ភតិកៈមិនពឹងផ្អែកលើការវិនិច្ឆ័យ ឬជំនាញរបស់ភតិបតីឡើយ។ ហេតុដូច្នេះ បើឧបករណ៍នោះបែរជាប្រើការមិនកើត ដោយសារលក្ខណៈបច្ចេកទេសរបស់វា មិនត្រូវនឹងកិច្ចការដែលឧបករណ៍នោះ ត្រូវបំពេញនៅក្នុងអាជីវកម្មរបស់ភតិកៈ  ភតិកៈមិនអាចទៅរករឿងភតិបតីថា ទិញឧបករណ៍មិនត្រូវហើយទាមទារលុបចោលកិច្ចសន្យា ឬទាមទារឲ្យភតិកៈសងការខូចខាតទេ។ នៅពេលចរចាជួលឧបករណ៍ ភតិបតី ឬភ្នាក់ងារ ឬបុគ្គលិករបស់ខ្លួនមិនត្រូវឲ្យឱវាទ ឬកិច្ចប្រឹក្សាណាមួយដល់ភតិកៈអំពីលក្ខណៈបច្ចេកទេស ឬលក្ខណៈប្រើប្រាស់របស់ឧបករណ៍ឡើយ។ នេះជារឿងមួយសំខាន់ដោយសារ ឧបករណ៍ខ្លះមានតម្លៃដល់ទៅរាប់សែន ឬរាប់លានដុល្លារ។ នៅពេលដែលយកមកប្រើមិនត្រូវតាមគោលដៅរបស់ខ្លួន ភតិកៈអាចប្តឹងទាមទាររំលាយកិច្ចសន្យា ឬទាមទារសំណងខូចខាត។ ដើម្បីការពារទប់ទល់នឹងបញ្ហាដែលអាចកើតឡើងជាយថាហេតុ នៅក្នុងភតិសន្យាហិរញ្ញវត្ថុ គេតែងតែចែងប្រការមួយ ដើម្បីឲ្យភតិបតីបដិសេធការធានាថាឧបករណ៍ទៅនឹងគោលបំណងប្រើប្រាស់របស់វា ព្រោះការជ្រើសរើសឧបករណ៍ គឺជាវិនិច្ឆ័យរបស់ភតិកៈខ្លួនឯង។ គេអាចចែងខបដិសេធមួយដែលអាចមានសេចក្តីថា៖
ភតិកៈជួលឧបករណ៍ក្នុងសភាពជាក់ស្តែង ហើយដោយសារភតិបតីមិនមែនជាអ្នក ផលិតឧបករណ៍ ឬជាភ្នាក់ងាររបស់អ្នកផលិត ឬជាភ្នាក់ងារនៃអ្នកលក់ឧបករណ៍ ភតិបតីមិនធ្វើការធានា ឬការអះអាងបែបណាមួយ ទោះបីជាក់ច្បាស់ក្តី ដោយតុណ្ហីភាពក្តី ថាឧបករណ៍នោះអាចយកទៅលក់ដូរបាន ឬឧបករណ៍នោះសក្តិសមនឹងយកទៅប្រើបានសម្រាប់គោលបំណងណាមួយឡើយ។ ភតិបតីមិនទទួលខុសត្រូវ ចំពោះការខូចខាតណាមួយ ដោយផ្ទាល់ក្តី ដោយប្រយោលក្តី ឬដោយសារផលវិបាកក្តី ដែលកើតចេញពីការកាន់កាប់ ឬការប្រើប្រាស់ឧបករណ៍នេះទេ។

ចំពោះរយៈពេលនៃការជួលវិញ នៅក្នុងច្បាប់ខ្មែរ គេមិនត្រូវកំណត់តិចជាងមួយឆ្នាំទេ តាមមាត្រ១០។ នៅក្នុងច្បាប់នៃប្រទេសខ្លះ គេកំណត់ថា រយៈពេលនៃភតិសន្យាហរិញ្ញវត្ថុមិនត្រូវតិចជាង៧៥% នៃអាយុកាលនៃឧបករណ៍ទេ។ រយៈពេលតិចជាងនេះ គេចាត់ទុកជាការលក់ដោយបង់ជាវគ្គ។ ឧបមាថា ម៉ាស៊ីនមួយដែលមានអាយុប្រើការបានរបស់វា ១០ ឆ្នាំ រយៈពេលនៃភតិសន្យាហិរញ្ញវត្ថុមិនត្រូវតិចជាង៨ឆ្នាំបានទេ។ ការចាត់ចូលជាការលក់ឧបករណ៍តាមការបង់ជាវគ្គ ឬជាភតិសន្យាហិរញ្ញវត្ថុគឺ ជាសំខាន់ព្រោះវាផលប៉ះពាល់ដល់គណនេយ្យឧបករណ៍ និងការកំណត់ពន្ធដារលើប្រាក់ចំណេញនៃអាជីវកម្មទាំងរបស់ភតិបតី ទាំងរបស់ភតិកៈ។
សង្ខេបមកវិញ ភតិសន្យាហិរញ្ញវត្ថុមានធាតុផ្សំដូចតទៅនេះ៖


១. ភតិបតីមិនមែនជាអ្នកលក់វត្ថុដែលត្រូវជួលនោះទេ
២. ភតិបតីជាអ្នកធ្វើហិរញ្ញប្បទានដើម្បីអាចឲ្យភតិកៈទទួលបានវត្ថុជួលនោះ
៣. ភតិបតីជាម្ចាស់កម្មសិទ្ធិលើវត្ថុដែលជួល
៤. កិច្ចសន្យាជួល ឬភតិសន្យានេះមិនអាចតិចជាងមួយឆ្នាំឡើយ 
៥. ភតិកៈជាអ្នកបង់ថ្លៃជួលវត្ថុ
៦. ភតិកៈមានសិទ្ធិទិញ ឬមិនទិញវត្ថុដែលជួលនោះ
៧. ភតិបតីមានសិទ្ធិកាន់កាប់ឡើងវិញនូវវត្ថុជួលនោះ ប្រសិនបើភតិកៈមិនគោរពកាតព្វកិច្ច របស់ខ្លួននៅក្រោមភតិសន្យាហិរញ្ញវត្ថុនោះ។

ការចាត់ចែងភតិសន្យាហិរញ្ញវត្ថុដែលមិនត្រឹមត្រូវតាមច្បាប់ អាចធ្វើឲ្យភតិបតីបាត់បង់ ឋានៈជាអ្នកជួល/ភតិបតី ហើយក្លាយទៅជាអ្នកលក់ជាវគ្គៗវិញ។ កាលណាភតិបតីក្លាយជាអ្នកលក់ ភតិបតីអាចបាត់បង់អត្ថប្រយោជន៍ និងកិច្ចការពារតាមផ្លូវច្បាប់ផ្សេងៗ ដែលច្បាប់ស្តីពីភតិ-សន្យាហិរញ្ញវត្ថុផ្តល់ឲ្យ។ ឧទាហរណ៍ ភតិបតីអាចបាត់បង់អត្ថប្រយោជន៍ខាងពន្ធដារ និងកិច្ចការពារតាមផ្លូវច្បាប់នៅពេលទាមទារការកាន់កាប់ឡើងវិញជាដើម។ 

 

 

មើលច្រើនបន្ថែមទៀត
មើលទាំងអស់
Flag Counter
© រក្សាសិទ្ធិគ្រប់យ៉ាងដោយ Pheakdey Law ឆ្នាំ ២០១៦។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈអស័យដ្ឋានអ៊ីម៉ែល៖ info@pheakdeylaw.com

ចំនួនអ្នកចូលមើល: 11043155, Online: 205, Today: 6600, Yesterday: 13634, This week: 6600
Web Design: CITA