ភ្លេចពាក្យសំងាត់  |  ផ្លាស់ប្តូរពាក្យសំងាត់  |  បង្កើតគណនីថ្មី
ចូលគណនី
គណនីរបស់ខ្ញុំ
ជ្រើសរើសភាសា:

ឯកឧត្ដម ពៅ ម៉ាលី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំ អន្តរក្រសួងដើម្បីពិនិត្យ និងកែសម្រួលខ្លឹមសារលើប្រកាសអន្តរក្រសួងស្ដីពី បែបបទនិងនីតិវិធីនៃការផ្ទេរ កម្មសិទ្ធិយានយន្ត

ថ្ងៃពុធ ១៣រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ នៅទីស្ដីការ ក្រសួង ឯកឧត្ដម ពៅ ម៉ាលី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំ អន្តរក្រសួងដើម្បីពិនិត្យ និងកែសម្រួលខ្លឹមសារលើប្រកាសអន្តរក្រសួងស្ដីពី បែបបទនិងនីតិវិធីនៃការផ្ទេរ កម្មសិទ្ធិយានយន្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ និង ថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានពន្ធដារ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះបានផ្តោតទៅលើរបៀបវារៈចំនួនពីរគឺ

 

(១)សេចក្តីព្រាង ប្រកាសអន្តរក្រសួង ស្តីពីនីតិវិធីបង់ពន្ធប្រថាប់ត្រា និងការផ្ទេរកម្មសិទ្ធិយានយន្ត

(២) ការបង្កើតក្រុមការងារបច្ចេកទេសអន្តរក្រសួង ដើម្បីតភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្មដឹកជញ្ជូនផ្លូវគោក និងប្រព័ន្ធទិន្នន័យពន្ធដារ។

តាមរយៈកិច្ចប្រជុំពិភាក្សានេះ ទទួលបានលទ្ធផលជាទីផ្លែផ្កា ដោយខ្លឹមសារនៃប្រកាសអន្តរក្រសួង ស្ទើតែទាំងស្រុងត្រូវបានឯកភាព អនុលោមតាម ច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដោយឡែក ប្រការមួយចំនួនតូចដែលអង្គប្រជុំ ថ្នាក់ជំនាញមិនទាន់បានសម្រេច នឹងត្រូវទុកជូនថ្នាក់ដឹកនាំពិនិត្យ និងសម្រេច។ ជាមួយនឹងប្រកាសថ្មីនេះ និងធ្វើឱ្យនីតិវិធីនៃការផ្ទេរកម្មសិទ្ធិយានយន្ត កាន់តែមានភាពសាមញ្ញ និងងាយស្រួល។ ដើម្បីផ្ទេរកម្មសិទ្ធិយានយន្តបាន ប្រជាពលរដ្ឋជាម្ចាស់យានយន្ត និងត្រូវទៅបំពេញសំណុំបែបបទបង់ពន្ធប្រថាប់ត្រាផ្ទេរកម្មសិទ្ធិ នៅ ទីតាំងផ្តល់សេវា កំណត់ដោយអគ្គនាយកដ្ឋានពន្ធដារ ជាមុនសិន។ បន្ទាប់មកម្ចាស់កម្មសិទ្ធិយានយន្ត នឹងត្រូវយកឯកសារពន្ធប្រថាប់ត្រាផ្ទេរកម្មសិទ្ធិ និងឯកសារពាក់ព័ន្ធមកកាន់ ទីតាំងផ្តល់សេវាដែលកំណត់ដោយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីស្នើផ្ទេរកម្មសិទ្ធិតែម្តងជាការស្រេច។

ដើម្បីចូលរួមកាត់បន្ថយពេលវេលាទទួលសេវា និងនីតិវិធីស្មុគស្មាញក្នុងការផ្ទេរកម្មសិទ្ធិយានយន្ត និងដើម្បីលុបបំបាត់ការក្លែងបន្លំឯកសារសាធារណៈ ក៏ដូចជាជំរុញការលុបយានយន្តដែល មិនបង់ពន្ធលើមធ្យោបាយធ្វើដំណើរប្រចាំឆ្នាំ ឬមិនបានយកមកត្រួតពិនិត្យលក្ខណៈបច្ចេកទេសត្រឹមត្រូវ ក្រសួងសាធារណការ និងដឹកជញ្ជូន និងអគ្គនាយកដ្ឋានពន្ធដារ បានឯកភាពគ្នាបង្កើតក្រុមការងារ តភ្ជាប់ប្រព័ន្ធចែករំលែកទិន្នន័យជាមួយគ្នាទៅវិញទៅមក។

សូមជម្រាបជូនថា កន្លងទៅនេះ ក្រសួងសាធារណការ និងដឹកជញ្ជូនបានធ្វើការតភ្ជាប់ប្រព័ន្ធ ជាមួយនឹងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងកំពុងប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីផ្ទៀងផ្ទាត់សន្លឹកពន្ធនាំចូល ដែលបានចូលរួមចំណែកពង្រឹងការគ្រប់គ្រងចុះបញ្ជីយានយន្តកាន់តែប្រសើរ និងបានបង្កើនចំណូលពន្ធនាំចូលជូនជាតិផងដែរ៕

មើលច្រើនបន្ថែមទៀត
មើលទាំងអស់
Flag Counter
© រក្សាសិទ្ធិគ្រប់យ៉ាងដោយ Pheakdey Law ឆ្នាំ ២០១៦។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈអស័យដ្ឋានអ៊ីម៉ែល៖ info@pheakdeylaw.com

ចំនួនអ្នកចូលមើល: 11420410, Online: 125, Today: 6928, Yesterday: 13027, This week: 6928
Web Design: CITA